ខេត្តកំពង់ស្ពឺ ៖ ក្នុងថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌថ្ងៃ១៥ រោចខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមជាមួយក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីអ្នកមុខ អ្នកការ បានអញ្ជើញ ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តហរិរក្សជិនី(វត្តវាំងចាស់) ស្ថិតនៅឃុំវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជារៀងរាល់ឆ្នាំ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែអញ្ជើញមកចូលរួមក្នុងថ្ងៃភ្ជុំបិណ្ឌដែលហៅថា ថ្ងៃឆ្លងបិណ្ឌ នៅទីអារាមនានាមិនដែលខានឡើយ ជាពិសេសទីអារាមវត្តហរិរក្សជិនី(វត្តវាំងចាស់)នេះ ដោយបាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាននាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស មហាកុសលផលបុណ្យ ជូនចំពោះ បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកា ទាំង៧សន្តាន ដែលបានធ្វើមរណកាល ទៅហើយ ជាពិសេសឧទ្ទិសចំពោះវិញ្ញាណក្ខ័ន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាឪពុក ម្តាយបង្កើតរបស់ សម្តេចតេជោ ហ៊ុនសែន, ឧទ្ទិសចំពោះវិញ្ញាណនក្ខ័ន្ធលោកមហាឧបាសក លីន គ្រី មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាឪពុកម្តាយបង្កើត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ។
ក្នុងឱកាសឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ឆ្នាំនេះ សម្ដេចតេជោ ហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយគ្រឿសក្ការៈ ប្រគេនបច្ច័យ ទេយ្យទាន ចំពោះព្រះសង្ឃ ប្រគេនសម្រាប់វត្ត គ្រឿងឧបភោគ បរិភោគជាច្រើនមុខ។ បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវបច្ច័យ ទេយ្យទាន សម្ភារៈ គ្រឿងឧបភោគ បរិភោគជាច្រើនមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ រួមជាមួយនឹងមន្ត្រីអ្នកមុខ អ្នកការបាន អញ្ជើញទៅថ្វាយទៀនធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមា ឧទ្ទិសកុកល ផលបុណ្យចំពោះព្រះរតត្រៃយ៍ ជាពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទអង្គឌួង លើទួលព្រះវិហារចាស់ និងបន្តអញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញី នៅលើព្រះវិហារថ្មី និងបានអញ្ជើញបន្តទៅគោរពបដិបត្តិ នៅរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមានគុណបំណាច់ក្នុងការការពារជាតិមាតុភូមិនៅទីនេះផងដែរ៕