ខេត្តកំពង់ឆ្នាំង ៖ ត្រីគ្រប់ប្រភេទត្រូវបានប្រជាពលរដ្ឋ និងក្រុមអាជីវកប្រមូលទិញនៅផ្សាកំពង់ឆ្នុកទ្រូ ដឹកតាមរថយន្តយកទៅលក់រាយ និងលក់បោះដុំឱ្យម៉ូយនៅតាមទីផ្សារក្នុងស្រុក ខណៈដែលប្រជាអ្នកនេសាទដាក់មង ដាក់លបដឹកយកមកលក់ ។
ស្ត្រីជាឈ្មួញប្រមូលទិញផលនេសាទនៅផ្សារកុំពង់ឆ្នុកទ្រូបាននិយាយនៅថា ត្រីដែលគាត់កុំពុងប្រមូលទិញនេះ គឺបានមកពីប្រជានេសាទដែលនៅខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខ្លះទៀតមកពីតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ផ្សេងៗទៀត ។
ស្ត្រីជាឈ្មួញប្រមូលទិញផលនេសាទបានបន្តទៀតថា ត្រីដែលគាត់ប្រមូលទិញរាល់ថ្ងៃនេះ ពេលដែលសម្បូរច្រើន គឺនៅរដូវខ្នើត មានត្រីតូចត្រីធំ ត្រីល្អិត កំពឹស ខ្ចងខ្ចៅ ទៅតាមតម្លៃត្រីដែលទិញបាននេះ គឺគាត់ដឹកតាមរថយន្តយកទៅបោះអោយម៉ូយនៅឯរាជធានីភ្នំពេញ និងខ្លះទៀតទៅតាមបណ្តាខេត្តឆ្ងាយៗក្នុងប្រទេសកម្ពុជា ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក ផល លីឡា បានអោយដឹងថា តម្លៃត្រីរ៉ស់ មានតម្លៃពី ៦០០០-១០០០០រៀល ត្រីឆ្លាំងតម្លៃពី៩០០០-១៥០០០រៀល ត្រីចង្កែង មានតម្លៃ៦០០០-១០០០០រៀល ដោយឡែកត្រីនុយ មានតម្លៃត្រឹមតែ ១៥០០-២៨០០រៀលតែប៉ុណ្ណោះ ។
លោកបញ្ជាក់ឱ្យដឹងទៀតថា ត្រីដែលបានយកមកលក់នៅផ្សារកំពង់ឆ្នុកទ្រូនេះ គឺមានមកពីខេត្តផ្សេងៗដែលជាប់នឹងដៃបឹងទន្លេសាប ហើយផ្សារកំពង់ឆ្នុកទ្រូ គ្រាន់តែជាទីចំណតលើកដាក់ឡើងត្រីសម្រាប់អាជីវករ ទិញ-លក់ត្រី និងដឹកចេញទៅកាន់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ ៕