(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន: ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត លើកឡើងថា អង្គសន្និបាតដែលធ្វើឡើងនាពេលនេះ ពិតជាមានអត្ថន័យបំផុត ដើម្បីយើងរួមគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធិផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់ រាជរដ្ឋាភិបាលកម្ពុជា ដ៏មានប្រសិទ្ធភាពបំផុតនោះគឺ <<យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ចំនុចជាសំខាន់រួមមានៈ កំណើន, ការងារ, សមធម៍, ប្រសិទ្ធភាព និងចីរភាព>> របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង <<យុទ្ធសាស្រ្តអាទិភាពទាំង៥: មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា>>។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបទល្មើសនានាអោយខានតែបាន។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់បន្ថែមថា ជាពិសេសត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ និងបញ្ហាគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់និងផុលផុស។
លើសពីនេះ ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយកាន់តែប្រសើរឡើង និងត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនទាន់ពេលវេលាប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាចុងក្រោយ គណៈអធិបតីបានធ្វើការប្រគល់ជូនប័ណ្ណសរសើរជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍នគរបាល ដែលខិតខំយកចិត្តទុកដាក់បំពេញការងារ ទទួលបានស្នាដៃលទ្ធផលការងារបានយ៉ាងប្រសើរ រយៈពេលពេញ១ឆ្នាំកន្លងទៅនេះ៕