ខេត្តកំពង់ធំ ៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានបន្ដនាំយកថវិកា ដែលទទួលបានពីការបរិច្ចាករបស់សប្បុរសជន ចំនួន៥ម៉ឺនដុល្លារ ទៅផ្តល់ជូនគ្រួសារសពម្នាក់នៅខេត្តកំពង់ធំ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៦ជាន់នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ ។
ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប ។
លោក សេង ទៀង បានឲ្យដឹងថា ថវិកានេះត្រូវបានប្រគល់ជូនឪពុកម្តាយរបស់សពយុវជនម្នាក់ដែលនៅលីវ ហើយបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប ។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗទទួលបានថវិកា ៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនដុល្លារ ។
ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែប បានបណ្តាលឱ្យមានមនុស្សរងគ្រោះ និងបាត់បង់ជីវិតសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់) ៕