រាជធានីភ្នំពេញ ៖ សមាគមយុវជនក្រុម៨ ដែលដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា ជាក្រុមការងារយុវជនមួយដ៏សំខាន់ ក្នុងការចុះជួយប្រជាពលរដ្ឋក្នុងឃុំទាំង១០ នៃស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដោយគិតមកដល់ពេលនេះ មានរយៈពេល១០ឆ្នាំហើយ ក្នុងការចូលរួមដោះស្រាយបញ្ហា និងសម្រាលទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋ ។
កាលពីចុងសប្តាហ៍មុននេះ សមាគមយុវជនក្រុម៨ បានប្រារព្ធពិធីអបអរគម្រប់ខួប១០ឆ្នាំ ដែលប្រារព្ធធ្វើឡើង នៅអគារវឌ្ឍនៈកាពីតាល ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ។
លោកបណ្ឌិត ម៉ឹង មករា បានថ្លែងឱ្យដឹងថា “ក្រោមការចង្អុលបង្ហាញ និងការយកចិត្ដទុក្ខដាក់នូវបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានិច្ចជាកាល បានណែនាំឲ្យក្រុមការងាររបស់យើង ចុះជួយដោះស្រាយបញ្ហានានាដែលពលរដ្ឋជួបប្រទះ ព្រមទាំងបានផ្ដល់ឱកាសការងារ និងបង្កើតមុខរបរជូនប្រជាជននៅទីនោះ និងការអប់រំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរបស់យើងផងដែរ” ។
ក្នុងឱកាសអបអរពិធីគម្រប់ខួប១០ឆ្នាំ របស់សមាគមនយុវជនក្រុម៨នេះ មានការពិសាអាហារសាមគ្គី និងបំពាក់មេដាយជូនក្រុមការងារឆ្នើម និងប័ណ្ណសរសើរ ដល់សមាជិកក្រុមផងដែរ ៕