ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសសម្រាកវិស្សមកាលឈប់សម្រាកជាធម្មតា និស្សិតខ្មែរចំនួន ១៨នាក់ មកពីខេត្តអានហួយ ប្រទេសចិន បានវិលត្រឡប់មកកាន់មាតុប្រទេសវិញថ្ងៃទី៣០ មករា ឆ្នាំ២០២០នេះ ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការត្រឡប់មករបស់និស្សិតខ្មែរ ដែលទទួលបានអាហារូបករណ៍ ឯកឧត្តម ស សុខា ទៅសិក្សានៅប្រទេសចិន ១៨នាក់ ត្រឡប់មកខេត្តវិញ (ក្នុងនោះខេត្តបន្ទាយមានជ័យ ៧នាក់ បាត់ដំបង ៥នាក់ និងព្រៃវែង ៦នាក់ ) ក្នុងឱកាសសម្រាកវិស្សមកាល ឈប់សម្រាកជាធម្មតា តែងនឹកគ្រួសារមកលេងស្រុកកំណើត។
និស្សិតទាំង១៨នាក់ ត្រូវបានការយកចិត្តទុកដាក់ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំឡានរបស់សាលាខេត្ត ទទួលដឹកជញ្ជូននៅច្រកទ្វារព្រំដែនអន្តរជាតិ មកខេត្ត និងទៅខេត្តឆ្ងាយៗបន្តទៀតដែរ ពេលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិ ក៏ត្រូវបានធ្វើការពិនិត្យច្បាស់លាស់ គ្មានបង្កររោគសញ្ញាអ្វីនោះទេ បើទោះបីជាប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត មានការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) ៕