រាជធានីភ្នំពេញ ៖ មន្ដ្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនបុរសជនជាតិជប៉ុនម្នាក់ ដកហូតបានថ្នាំញៀនជិត ២គីឡូក្រាម ។
លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ លោក លឹម សម្បត្តិ បានអះអាងថា ជនជាតិជប៉ុនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ NONAKA SHUNICHI អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ ។
ជាលទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧គីឡូក្រាម ។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានប្រគល់ជូននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕