រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ ប្រកាសថ្មីមួយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ប្រកាសនេះ មានគោលដៅដាក់ឲ្យអនុវត្តប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធ ពាក់ព័ន្ធទៅនឹងពន្ធលើប្រាក់ចំណូល។
សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា ប្រទេស និងតំបន់ចំនួន៩រួចមកហើយ គឺបានចុះហត្ថលេខាជាមួយសាធារណៈរដ្ឋសិង្ហបុរី, ព្រុយណេដារូសាឡឹម, សាធារណៈរដ្ឋប្រជាមានិតចិន, ព្រះរាជាណាចក្រថៃ, សាធារណៈរដ្ឋសង្គមនិយមរៀតណាម, សាធារណៈរដ្ឋឥណ្ឌូណេស៊ី, តំបន់រដ្ឋបាលពិសេសហុងកុង របស់សាធារណៈរដ្ឋប្រជាមានិតចិន, ប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង ៕