ភ្នំពេញ ៖ អគ្គលេខាធិការព្រឹទ្ធសភា អំពាវនាវប្រជាពលរដ្ឋ បន្តលើកកម្ពស់ការផ្ដល់ឈាម ឲ្យកាន់តែក្លៀវក្លាជាបន្តទៀត ដើម្បីជួយសង្រ្គោះជីវិតជនរងគ្រោះដែលកំពុងត្រូវការឈាមបានទាន់ពេលវេលា។
ថ្លែងក្នុងពីធីបរិច្ចាគឈាម និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការផ្តល់ឈាម នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងបរិការណ៍ដែលកម្ពុជាកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរកម្ពុជាក៏ត្រូវប្រឈមនឹងបញ្ហារួមមាន គ្រោះថ្នាក់ចរាចរណ៍ ជំងឺអាសន្នរោគកាចសាហាវផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលទាមទារឲ្យមានការប្រើប្រាស់ឈាមសម្រាប់ការជួយសង្រ្គោះអាយុជីវិតមនុស្ស។
ឯកឧត្តមបានបញ្ជាក់ថា ការលើកកម្ពស់ការផ្ដល់ឈាមនេះ ដោយសារទំហំនៃការបរិច្ចាគឈាមនៅកម្ពុជាបច្ចុប្បន្ន នៅមិនទាន់មានភាពទូលំទូលាយ ដែលមិនអាចផ្តល់ស្តុកឈាមគ្រប់គ្រាន់ សម្រាប់សង្រ្គោះជីវិតជនរងគ្រោះនៅឡើយទេ ។
ឯកឧត្តម សុខ ប៉ូ ប្រធានមជ្ឍមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា ប្រមាណជាង៧០ភាគរយនៃឈាមដែលបានប្រើប្រាស់ ត្រូវបានបរិច្ចាគ ដោយក្រុមគ្រួសាររបស់ជនរងគ្រោះ ឬអ្នកជំងឺ ពោលគឺមិនមែនបានមកពីធនាគារឈាមនោះទេ។ ទោះបីជា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកបរិច្ចាគឈាមមានការកើនឡើងក៏ពិតមែន ប៉ុន្តែកំណើននេះនៅមានភាពយឺតជាងកំណើននៃតម្រូវការជាក់ស្តែង ៕