រាជធានីភ្នំពេញ ៖ ប្រភពពីប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បានឱ្យដឹងថា បុគ្គលដ៏ល្បីឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី ជាមេឆ្នោតនិង ល្បែងស៊ីសងជាច្រើនទៀត មានយីហោ V168 និង K38 នៅរាជធានីភ្នំពេញ បានបញ្ជាកូនចៅអុកឡុកផ្អើលរាជធានីភ្នំពេញ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ខណៈដែល លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការអនុវត្តវិធានការការពារជំងឺឆ្លងប្រភេទថ្មី កូវីដ-១៩ និងច្បាប់ចរាចរណ៍ផ្លូវគោគ។
សូមបញ្ជាក់ថា លោកសម្បត្តិ គ័ង និង លោក ពុទ្ធ ស្រ៊ុន រស្មី បានបើកទីតាំងល្បែងស៊ីសងខុសច្បាប់ មានយីហោ V168 និង K38 គ្របដណ្តប់ទាំង១០៥ ប៉ុស្តិ៍រដ្ឋបាល ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ទៅហើយ ។
ប្រភពព័ត៌មានច្បាស់ការណ៍ បានឱ្យអង្គភាពយើងដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី បានដាក់កូនកញ្ច្រែងអោយកត់ឆ្នោតវៀតណាម និងមានឥទ្ធិពលអាចប្រើសមត្ថកិច្ចឱ្យចុះទៅចាប់អ្នកកត់ឆ្នោតផ្សេងៗដែលមិនមែនជាគូកនរបស់ខ្លួន ។ ក្រៅពីទង្វើខាងលើនេះ ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី បានអោយក្រុមបងធំ ជាដៃជើងរបស់ខ្លួន ធ្វើសកម្មភាពទៅគំរាមអុកឡុក ទីតាំងកត់ឆ្នោតវៀតណាម ដែលមិនកត់អោយពួកខ្លួន ដោយនាំគ្នាប្រើវិធានការ លួងផង ខោកផង គំរាមផង ៖
ទី១.ពួកគេលើកគ្នាមកទាំងហ្វូងជាគោលដៅបំបាក់ស្មារតីនៅកន្លែងទីតាំងកត់ឆ្នោតវៀតណាម មិនមែនជាបក្ខពួកខ្លួន។
ទី២.ប្រើវិធានការលួងលោមបញ្ចុះបញ្ចូល អោយកត់យកមកអោយខាងខ្លួន ធានាការពារ នៅពីក្រោយខ្នង។
ទី៣.បើអ្នកណាមិនព្រម នោះក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកសម្បត្តិ គ័ងនិងលោក ពុទ្ធ ស្រ៊ុន រស្មីគម្រាមធ្វើអោយភ័យខ្លាច បាក់ស្មាតី។
ទី៤.អោយសមត្ថកិច្ចមកបង្ក្រាបភ្លាមៗតែម្តង ។
បញ្ហាទាំងអស់នេះហើយ ប្រជាពលរដ្ឋបានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាបើកការស៊ើបអង្កេត ស្វែងរកពិតនៃករណីដ៏ក្តៅគគុកមួយនេះ និងបង្ក្រាបឱ្យបាននូវល្បែងស៊ីសងទូទាំងរាជធានីភ្នំពេញនេះផង ៕