ខេត្តបាត់ដំបង ៖ ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនិងអាប៉ោងមួយកន្លែង ស្ថិតនៅចំណុចវាលស្រែ១០០០ ភូមិសំរោងពីរ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលគេស្គាល់ឈ្មោះថាលោកតាល់ ជាម្ចាស់ល្បែងស៊ីសងជាយូរលង់មកហើយ បច្ចុប្បន្ននេះគេសង្កេតឃើញថា ទីតាំងល្បែងមួយនេះ មានមនុស្សចូលលេងជាច្រើនហូរហែរ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់ជិតខាងទីតាំងល្បែងស៊ីសងខាងលើនេះ បានឲ្យដឹងថា មានក្រុមអ្នកញៀនល្បែងជាច្រើន បាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្រ្កាបទីតាំងល្បែងស៊ីសងខាងលើនេះឡើយ ពួកគាត់បានបន្តទៀតថា ម្ចាស់បើកល្បែងស៊ីសងនេះ មានអ្នកជួយមើលការខុសត្រូវ ចាំដោះស្រាយបាយទឹក ជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ឈ្មោះនិង អត្តសញ្ញាណនោះទេ ដូច្នេះទើបគេអាចបើកលេងបានដោយរលូន។
ចំពោះអាជ្ញាធរក្រុង ជាពិសេសលោក ឆាង វ៉ាន់ឆៃ អធិការនគរបាលក្រុងបាត់ដំបង និងលោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង គេមិនបានឃើញមានចំណាត់ការទៅលើអ្នកញៀនល្បែងដុះស្លែមួយនេះទាល់តែសោះ ទើបគេសង្ស័យថា ប្រហែលជាខ្លាចអំណាចខ្នងបង្អែកដ៏រឹងមាំរបស់ម្ចាស់បើកល្បែងស៊ីសងមួយនេះហើយមើលទៅ បានជាមិនបង្ក្រាបដូច្នេះ។
ពលរដ្ឋបានបន្ថែមថា បើចុះទៅបង្ក្រាបឬបិទទីតាំងមួយនេះ ប្រហែលជាអាចនឹងធ្លាក់ពីតំណែង ទើបរក្សាភាពស្ងៀមស្ងាត់ ទុកឱ្យម្ចាស់បនល្បែងខាងលើនេះ បើកលេងបានយ៉ាងអាណាធិបតេយ្យយ៉ាងដូច្នេះ។
ប្រជាពលរដ្ឋ បានសំណូមពរដល់ថ្នាក់ដឹកនាំ ក្នុងខេត្តបាត់ដំបង មេត្តាត្រួតពិនិត្យទៅលើមន្ត្រីមូលដ្ឋាន និងរក្សាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ព្រោះល្បែងស៊ីសង គឺជាប្រភពនៃបទល្មើសផ្សេងៗដូចជា ចោរកម្ម លួច ឆក់ ប្លន់ អំពើហិង្សាជាដើម។