ខេត្តកោះកុង ៖ ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ តាមផ្លូវទៅកាន់ក្រុមហ៊ុន Greenrich ដែលជាទិសដៅចុងក្រោយនៃកម្មវិធីបេសកកម្មចុងសប្តាហ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ និងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមជាមួយសហការីបានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
លោក អិត ហ៊ុល អ្នកបច្ចេកទេស បានមានប្រសាសន៍ថា មណ្ឌលនេះ គឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល ប្រមូលអណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស។ គម្រោងនេះចាប់ដំណើរការក្នុងឆ្នាំ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកទេសពីអង្គការ WCS និងបានធ្វើការវិវឌ្ឍន៍ជាបន្តបន្ទាប់ បច្ចុប្បន្នកសិដ្ឋានមានមេបាពូជចំនួន ២០៤ក្បាល។
លោក អិត ហ៊ុល បញ្ជាក់បន្តថា អណ្តើកហ្លូងនេះ ជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជ (គ្រប់គ្រងដោយអនុសញ្ញាសាយតេស្ត យ៉ាងម៉ឺងម៉ាត់ ហាមធ្វើការជួញដូរ) បច្ចុប្បន្នមានតែនៅក្នុងខេត្តកោះកុង ហើយនៅលើពិភពលោកមានតែនៅប្រទេសឥណ្ឌា ម៉ាឡេស៊ី បង់ក្លាដែស និងកម្ពុជា ហើយមានតែនៅខេត្តកោះកុងដែលមានលក្ខណ:បរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វនេះរស់នៅបន្តពូជបាន។ រហូតមកទល់បច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនបាន ៤៥៦ក្បាល ថែរក្សាក្នុងមណ្ឌលអភិរក្ស ២០៤ក្បាល ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀមរាប ២៧ក្បាល លែងចូលក្នុងព្រែកធម្មជាតិដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអភិបាលខេត្ត បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកហ្លួង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្រ្តនៃដឹកដីខេត្តកោះកុង។ ឯកឧត្តម សុំឱ្យរដ្ឋបាលជលផល និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបញ្ជូនមន្រ្តី និងនិស្សិតមកសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងបំណងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាននៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលជលផល សហការជាមួយអង្គការ ដើម្បីរៀបចំចងក្រងឯកសារផ្លូវច្បាប់ ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូងរបស់យើងឱ្យបានគង់វង្សតរៀងទៅ ៕