រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងកម្ទេចចោលទំនិញក្លែងក្លាយខុសច្បាប់ជាង១៣០តោន នៅថ្ងៃស្អែកនេះ ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកនាពេលកន្លងមក។
យោងតាសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលទទួលបាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីកម្ទេចចោលឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួន១៣០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកនាពេលកន្លងមក។
សេចក្ដីប្រកាសបន្ដថា ពិធីនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូប។
ការកម្ទេចចោលទំនិញទាំងនេះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការ ឲ្យធ្វើការកម្ទេចចោល ដែលនឹងប្រារព្ធពិធីកម្ទេច នាវេលាម៉ោង០៧៖០០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នៅទីលានសំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្លូវចូលជាប់សាលាសង្កាត់ជើងឯក)៕
0
ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីកម្ទេចចោលឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួន១៣០តោន
Filed in: ព័ត៌មានជាតិ