ខេត្តតាកែវ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយ៉ាងហ្មត់ចត់និងទទួលបបទបញ្ជារផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំ ណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃសៅរិ៍ ១រោច ខែភទ្របទឆ្នាំកុរឯស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង១៦ៈ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លាយបូរ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាល ស្រុកត្រាំកក់ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មមួយករណីនៅចំណុច ផ្លូវខេត្តលេខ២២ ស្ថិតនៅ ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ដោយឃាត់ជនសង្ស័យចំនួន០១នាក់មាន ឈ្មោះហុឹម និត ភេទប្រុសអាយុ ៣៩ ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិសំបួរ សង្កាត់រការក្នុង ក្រុងដូនកែវ ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរនិងដកហូតបានម៉្សៅក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ តូច និង ទូរស័ព្ទដៃ ចំនួន១គ្រឿង និងម៉ូតូ១គ្រឿង និងប្រដាប់វេចខ្ចប់មួយចំនួន ទៀត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាងកងកម្លាំងជំនាញកំពុង ធ្វើការសាកសួររកបក្ខពួកបន្ថែមនិងចាត់ចែងទៅតាមនិតិវិធីនៃច្បាប់ ៕