ខេត្តព្រះសីហនុ ៖ ដើម្បីធានានូវកិច្ចការពារសុខុមាលភាព ដល់ប្រជាពលរដ្ឋនិងចូលរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ក៍ដូចជាអនុវត្តន៍ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្តិភាព លើផលិផលទំនិញនិងសេវា កាលពីព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ ដឹកនាំដោយ លោក ស៊ីម រ៉ាស៊ី អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង មន្ត្រីអាជ្ញាធរដែនដីនៅក្នុងមូលដ្ឋាន បានអញ្ជើញចុះទៅត្រួតពិនិត្យ អំពីគុណភាព សុវត្តិភាព ម្ហូបអាហារ វេចខ្ចប់ស្រាប់និងថ្ងៃបរិច្ឆេទប្រើប្រាស់ នៅតាមផ្សារទំនើប ក្នុងទីប្រជុំជន ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ។
ការចុះត្រួតពិនិត្យ មន្ត្រីសាខាកាំកុងត្រូល បានផ្ដោតជាសំខាន់ទៅលើការតាំងលក់ ទំនិញដែលវេចខ្ចប់រួច ដូចជា កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ គុណភាព សំបកវេចខ្ចប់ និងរក្សាទុក លោក ស៊ីម រ៉ាស៊ី អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ មានប្រសាសន៍ អោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ក្នុងការរឹតបន្តឹង ស្ដីពីការគ្រប់គ្រងគុណភាព សុត្តិភាព លើផលិតផលទំនិញនិងសេវា ផ្សេងៗ ដែលបង្កផលប៉ះពាល់ ដល់សុខុមាលភាពអ្នកប្រើប្រាស់ ព្រោះថាស៊បញ្ហាសុខភាព គឺជាកត្តាចម្បងដូច្នេះហើយទើបមន្ត្រីកាំកុងត្រូលយើង បានចុះត្រួតពិនិត្យជាប្រចាំ។
ហើយជាមួយគ្នានេះមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៍បានណែនាំក្រើនរំលឹក ដល់ម្ចាស់អាជីវកម្មអ្នកលក់ដូរផិតផលទាំងអស់ ដែលមានដាក់លក់ផលិតផលចំណីអាហារ សម្រាប់អ្នកប្រើប្រាស់អោយយកចិត្តទុកដាក់ ត្រួតពិនិត្យជាប្រចាំ ទៅលើផលិតផលទាំងនោះ ដើម្បីធានាថា ជាផលិតផលមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ។
សូមបញ្ជាក់ថា ផលិតផលម្ហូបអាហារដែលដកហូតបាន ត្រូវបានយកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការដុតកំទេចចោល ៕