ខេត្តកណ្តាល ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាជនភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាបែរមកដាំបន្លែសុវត្ថិភាពវិញ ហើយឈប់ប្រើថ្នាំគីមី ឈប់ប្រើថ្នាំពុលសម្លាប់សត្វល្អិត ដែលបណ្តាលឱ្យពួកគាត់ មានសុខភាពល្អជាងមុន ហើយដំណាំធម្មជាតិ លក់បានថ្លៃជាងដំណាំប្រើគីមីទៀតផង នេះជាការលើកឡើង របស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលរងខេត្តកណ្តាល។
ក្នុងឱកាសដែលឯកឧត្តម ចុះជួបសំណេះសំណាលជាមួយសហគមន៍ស្វាយប្រទាល ក្នុងក្តីសង្ឃឹមភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធនឹងដំណើរការនៃមុខរបរទីផ្សារកិច្ចសន្យាបន្លែសុវត្ថិភាព កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះ។
ឯកឧត្តមអភិបាលរងខេត្តបានកោតសរសើរចំពោះ សហគមន៍ស្វាយប្រទាល ដែលមានគំនិតច្នៃប្រឌិតក្នុងការរៀបចំ ដំណើរការសហគមន៍ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុកស្អាង និងដៃគូរអភិវឌ្ឍន៍នានា ដែលបានសហការគាំទ្រ ដំណើរការនៃមុខរបរទីផ្សារ កិច្ចសន្យាបន្លែសុវត្ថិភាពប្រកបដោយជោគជ័យ៕