ខេត្តកំពង់ចាម ៖ នៅថ្ងៃច័ន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាននាំយកទេយ្យទានចែកជូនកុមារកំព្រាចំនួន៩០នាក់ ក្នុងនោះអ្នកថែទាំកុមារនិងលោកយាយ លោកតា ចូលរួមចំនួន២៥នាក់ ស្ថិតនៅមណ្ឌលកុមារកំព្រា ភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រី នៃមន្ទីរធម្មការខេត្ត និងមន្ត្រីសង្ឃខេត្តកំពង់ឆ្នាំង ជាច្រើនអង្គផងដែរ ។
ព្រះសង្ឃមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកាថ្លែងអំណរគុណនិងដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា បានធ្វើប្រទេសជាតិមានសុខសន្តិភាពពេញលេញ បន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យដើរទន្ទឹមគ្នាទាំងផ្នែកពុទ្ធចក្រ និង អាណាចក្ររហូតដល់បច្ចុប្បន្ននេះ ។
ព្រះអង្គបានមានសង្ឃដីកាបន្តថា ដោយមើលឃើញពីការខ្វះខាត និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ដល់កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងគ្រួសាររងគ្រោះដោយហេតុផ្សេងៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក ហើយនៅប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ពីជំងឺនេះផងដែរ។
ព្រះអង្គបានបន្ថែមទៀតថា ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង ។ សូមបងប្អូនកុំធ្វើចំណាកស្រុកទាំងប្រថុយប្រថានដោយខុសច្បាប់ សូមចូលរួមគោរពច្បាប់ចរាចរ ណ៍ទាំងអស់គ្នា អប់រំកូនចៅឱ្យខិតខំរៀនសូត្រចៀសឱ្យឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម និងបង្កើនមុខរបរ រកចំណូលប្រចាំថ្ងៃ ជាពិសេសបង្កបង្កើនផលឱ្យបានទាន់រដូវ និងរួមគ្នាថែរក្សាសន្តិភាពឱ្យនៅគង់វង្ស។
តំណាងឱ្យកុមារកំព្រានៅណ្ឌលភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានថ្លែងនូវអំណរព្រះគុណយ៉ាងជ្រាលជៅដល់ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយស និង ជាព្រះអនុគណស្រុករលាប្អៀរ ដែលមានព្រះទ័យជ្រះថ្លាផ្តល់នូវទេយ្យទានឧបត្ថម្ភជូនមណ្ឌលកុមារកំព្រានាពេលនេះ ។ ជាទេយ្យទានរបស់ព្រះអនុគណស្រុករលាប្អៀរ និង សហការី បានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលជួយដល់កុមារកំព្រា និងជនចាស់ជរាគ្មានទីពឹង ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ដែលកំពុងរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើង។
ក្នុងឱកាសនោះដែរ ព្រះអង្គមេត្តិសត្ថា វង្ស កុសល និងមន្ត្រីសង្ឃអមដំណើរ បានចែកទេយ្យទាន ដល់មណ្ឌលកុមារកំព្រាមាន អង្ករ ៥០០គីឡូក្រាម, ទឹកស៊ីអ៊ីវ៥យួរ, ទឹកត្រី៥យួរ, មី១៥កេស, ទឹកផ្លែឈើរ១០កេស, និងថវិកា១លានរៀល៕