រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង អំពីការប្រារព្ធពិធីកាន់បិណ្ឌតាមទីវត្តអារាមនានា។
សូមជម្រាបដំណឹងជូន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកា ឯកឧត្តម លោកជំទាវទីប្រឹក្សា លោក លោកស្រី ប្រធានអង្គភាពនានាចំណុះក្រសួងទាំងអស់ មេត្តាជ្រាបថា តាមប្រពៃណីខ្មែរយើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពុទ្ធសាសនិកជនទាំងឡាយ តែងប្រារព្ធពិធីកាន់បិណ្ឌតាមទីវត្តអារាមនានា ។
ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ ក្រសួងព័ត៌មាន បានទទួលកាន់វេនបិណ្ឌទី១ នៅវត្តពិភទ្ទរង្សី (វត្តចិនដំដែកខាងជើង) តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា តាមកម្មវិធីដូចខាងក្រោម ៖
– ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ២:៣០នាទីរសៀល ជួបជុំដើមវេន និងពុទ្ធបរិស័ទដើម្បីប្រារព្ធបានមស្ការចំពោះគុណបុណ្យព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។
– ព្រឹកឡើងថ្ងៃព្រហស្បតិ៍ ១រោច ត្រូវនឹងថ្ងៃទី០៣ ខែដដែល វេលាម៉ោង ៨ៈ00 នាទីព្រឹក ធ្វើពិធីរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃ និមន្តព្រះសង្ឃដារបង្សុកូលពហូឆ្លង ឧទ្ទិសកុសលជូនចំពោះញាតិទាំង៧សណ្តាន ដែលបានចែកឋានទៅ ជាកិច្ចបង្ហើយវេនបិណ្ឌទី១។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកា ឯកឧត្តម លោកជំទាវទីប្រឹក្សា លោក លោកស្រី ប្រធានអង្គភាពនានា និងមន្ត្រីរាជការទាំងរស់ អញ្ជើញមកចូលរួមក្នុងកម្មវិធីកាន់វេនបិណ្ឌទី១ តាមកាលបរិច្ឆេទខាងលើ និងចាប់មគ្គផលសទ្ធាជ្រះថ្លារៀងៗខ្លួន។ ប្រភព #AKP #KONG SOKHENG