ខេត្តកំពត ៖ នៅថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ២១៧ នាក់។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងនូវកោតសរសើរចំពោះមន្ត្រីរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំអនុវត្តការងារនាពេលកន្លងមក ដែលធ្វើឲ្យរដ្ឋបាលខេត្តទទួលបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន និងទទួលបាននូវការគាំទ្រគ្រប់មជ្ឈដ្ឋាន ដៃគូអភិវឌ្ឍន៍ វិនិយោគិន ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានជ្រើសខេត្តកំពតជាគោលដៅទេសចរណ៍សម្រាប់ការលម្ហែកម្សាន្តដ៏ពេញនិយម ។ យោងតាមការណែនាំផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើទៅឲ្យរដ្ឋបាលខេត្តកំពតខេត្តកំពតសិក្សាលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរអង្គភាពពាក់ព័ន្ធមានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត ។ គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិបានប្រមាណជា៧០% ក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចមកនឹងយកសំណើគម្រោងនេះស្នើសុំគោលការណ៍
ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើនិងណែនាំដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ឲ្យខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ខិតខំរៀនសូត្រកសាងចំណេះដឹងបន្ថែមទៀត ពោលគឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ ។
ឯកឧត្តមអភិបាលខេត្ត ជូនពរដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្តទាំងអស់ ឱ្យជួបតែសេចក្តីសុខគ្រប់ប្រការ ជៀសផុតពីជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ ២០២០នេះ និងបានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត បន្ថែមពីលើប្រាក់ឧបត្ថម្ភ ៥០.០០០រៀល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនរួមមាន:
១. សមាជិកក្រុមប្រឹក្សាខេត្ត ២៥នាក់ក្នុងម្នាក់ចំនួន ៥០០,០០០រៀល
២. មន្ត្រីរាជការសាលាខេត្ត១៤៧នាក់ ក្នុងម្នាក់ ចំនួន ៤០០.០០០រៀល
៣. មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តសរុប៥៩នាក់ ក្នុងម្នាក់ចំនួន ២០០.០០០រៀល
៤. នគរបាលប្រចាំការនៅសាលាខេត្ត៦នាក់ ក្នុងម្នាក់ៗ ចំនួន ២០០.០០០រៀល
សរុបថវិកាទាំងអស់៨៤,៣០០,០០០រៀល ៕