រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញរាប់បាត្រឧទ្ទិសកុសលផលបុណ្យជូនដល់ព្រលឹងអ្នកស្លាប់នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី១០។
ពិធីនេះក៏មានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមក្នុងពិធីនេះយ៉ាងមហោឡារិក។
លោកជំទាវបណ្ឌិត ម៉ែន សំអន និងលោកស្រីភឿងសកុណា តែងតែនាំមន្ត្រីរាជការរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសល ផលបុណ្យជូនដល់ជនរងគ្រោះដែល បាត់ បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និង នៅពេលកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ប្រជាជនខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លាននាក់នៅទូទាំងប្រទេសផងដែរ ។
ដូចអ្វីដែលបានធ្វើជារៀងរាល់ឆ្នាំ រាជ រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រារព្ធឡើងតាមសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋទៅតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសមហាកុសលដែលកើតឡើងពីការប្រគេនចង្ហាន់ចំពោះព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់អ្នកដែលបានរងគ្រោះស្លាប់ទាំងវេទនា នៅក្នុងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងគុកទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។
លោកជំទាវ បណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចព្រមទាំងលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រិល្បៈ តែងដឹកនាំមន្ត្រីរាជការក្រសួងរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅពេលកាន់ បិណ្ឌ~ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់បងប្អូនប្រជាជនខ្មែរទាំងអស់ ដែលអ្នកខ្លះស្លាប់ទៅដោយពុំមានក្រុមគ្រួសារដើម្បីធ្វើពិធីបុណ្យជូន និងអ្នកខ្លះក៏បានបាត់ បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិតនៅ ក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លាននាក់នៅទូទាំងប្រទេសផងដែរ។
លោកជំទាវបណ្ឌិត ក៏បានបួងសួងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅ ទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀង រហូត។
ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិតក៏បានអំពាវនាវឱ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានាដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ ។
សូមរម្លឹកថា នេះជាលើកទី១៣ ដែល នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដែលបានរៀបចំពិធីកាន់បិណ្ឌ ហើយជាលើកទី១២ ដែលលោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕