ខេត្តមណ្ឌលគិរី ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សី និងការកែច្នៃផលិតផល ទំពាំង ដើម្បីបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា ហៅកាត់ថា (WCS) បានឲ្យដឹងថា បច្ចុប្បន្ន ប្រជាសហគមន៍អាចធ្វើសិប្បកម្មឫស្សីលក់បានជាបណ្តើរៗហើយ គ្រាន់តែការផលិតនោះគឺនៅមានកម្រិតទាប មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការបានឡើយ ។
លោកបានបន្តថា ជាជំហានបន្ត អង្គការនឹងពង្រីកសមាជិកនៅក្នុងសហគមន៍បន្ថែមទៀត និងធ្វើយ៉ាងណាឱ្យអ្នកដែលចេះជំនាញនេះ អាចមានលទ្ធភាពផលិតខ្លួនឯងឱ្យបានលឿនដើម្បីឆ្លើយតបទីផ្សារ ហើយអង្គការកំពុងពិនិត្យលទ្ធភាពក្នុងការជួយជាឧបករណ៍ បន្ថែមទៀតដល់ប្រជាសហគមន៍។
សូមបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញសិប្បកម្មផលិតសម្ភារ ប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុក ដល់ប្រជាពលរដ្ឋស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីឲ្យពួកគាត់អាចរកប្រាក់ ចំណូលបាននិងកាត់បន្ថយការចូលព្រៃរុករកអនុផលព្រៃឈើនិងបរបាញ់សត្វព្រៃខុសច្បាប់ ។ ការបង្រៀននេះមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា រយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ២០២១ ៕