ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដឹកនាំដោយលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម និងសុំការណែនាំពី ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកស្រីអភិបាលរងខេត្ត និងនាយករដ្ឋបាលផងដែរ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ បានជម្រាបជូនពីគោលបំណងរបស់ក្រុមយុវជនស្ម័គ្រចិត្តទាំង៣ក្រុមគឺ៖ ក្រុមទី១.សុខាភិបាល លើប្រធានបទ សហគមន៍ខ្ញុំពោរពេញដោយសមត្ថភាព។ ក្រុមទី២.កសិកម្ម ប្រធានបទ បណ្តុះបណ្តាលបែបប្រពៃណី។ ក្រុមទី៣.បរិស្ថាន ប្រធានបទ ទីក្រុងស្អាត បរិស្ថានស្អាត សេវាល្អ។
ឯកឧត្តម អភិបាលខេត្ត បានកោតសសើរនិងវាយតម្លៃខ្ពស់នូវស្មារតី នៃក្រុមយុវជនស្ម័គ្រចិត្ត ក៏ដូចជា មន្ទីរអប់រំយុវជននិងកីឡា ដែលមានគម្រោងផែនការសកម្មភាពរៀងៗខ្លួនដឹកនាំ ធ្វើសកម្មភាពលើប្រធានបទខាងលើ។ រដ្ឋបាលខេត្ត ឯកភាព នៃការរៀបចំផែនការសកម្មភាព និងការចុះធ្វើសកម្មភាពជាក់ស្តែងក្នុងសង្គម។ ការងារនេះគឺជាគម្រោងផែនការសមស្រប ច្រើនតែនៅមានចំណុចខ្វះខាតត្រូវធ្វើការកែលម្អ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹង និងចូលរួមក្នុងសកម្មភាពជាការសំខាន់។ យុវជនជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ប្រទេសជាតិ។
ឯកឧត្តមអភិបាលខេត្តបន្តថា វិស័យទេសចរណ៍នាំមកនូវកំណើនសេដ្ឋកិច្ច ដោយមិនមានផលប៉ះពាល់, វិស័យឧស្សាហកម្មនាំមកនូវកំណើនសេដ្ឋកិច្ច ប៉ុន្តែវាមានផលប៉ះពាល់ដល់បរិស្ថាន, វិស័យកសិកម្ម នាំមកនូវកំណើនសេដ្ឋកិច្ចដូចគ្នា។ ខេត្តព្រះសីហនុមានសក្តានុពលដូចជា ឆ្នេរសមុទ្រ, ព្រលានយន្តហោះ, កំពង់ផែស្វ័យតក្រុងព្រះសីហនុ ទឹកជ្រៅ ទាមទារឱ្យយើងទាំងអស់គ្នាប្រើប្រាស់ធនធានសក្តានុពលធម្មជាតិ ឱ្យអស់លទ្ធភាពក្នុងការកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់យុវជនទាំង៣ក្រុម ក្នុងមួយក្រុមទទួលបានថវិកា ២លានរៀល៕