រាជធានីភ្នំពេញ ៖ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រថយន្តចំនួន ៧៥គ្រឿង ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។
រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
គូរបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី-ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាននូវជំនួយឧបត្ថម្ភជាច្រើន ទាំងស្មារតី សម្ភារៈ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះ ក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជាប្រទេសផ្តល់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា៕