រាជធានីភ្នំពេញ ៖ នាថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្ម Galaxy Navatra រួមនឹងក្រុមការងារដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន២០,០០០ដុល្លាអាមេរិក និងអង្ករចំនួន២០តោន ដើម្បីចូលរួមចំណែកជាមួយកងទ័ពជើងគោក ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់។
លោក ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) បានលើកឡើងថា នេះគឺជាទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងតារាចម្រៀងផលិតកម្ម Galaxy Navatra ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារ ជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់។
នាឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្របំផុតចំពោះ ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្ម Galaxy Navatra និងកំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ លោក ប៉ុន សុណារិន (ខេម) កញ្ញា តន់ ចន្ទសីម៉ា និងក្រុមការងារ ទាំងអស់ដែលបានចូលរួមឧបត្ថម្ភថវិកា និងអង្ករក្នុងការជួយដល់កងទ័ព ដើម្បីសង្គ្រោះប្រជាជន នៅក្នុងគ្រាដ៏លំបាកនេះ៕