ខេត្តសៀមរាប ៖ នាយប់ថ្ងៃ១០រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះខេត្តសៀមរាប ចុះត្រួតពិនិត្យ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប។
នៅឱកាលនោះលោក ង៉ូវ សេងកាក់ បានថ្លែងអំណរគុណដល់បណ្តា ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ទាំងអស់ ដែលបានចូលរួមសហការ ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប។
ក្រុមការងារចម្រុះនឹងបន្តចុះត្រួតពិនិត្យជាប្រចាំ នៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ក្នុងមូលដ្ឋានខេត្តសៀមរាប។ ការចូលរួមរបស់បងប្អូន បានបង្ហាញពីឆន្ទៈចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលសហគមន៍យើង និងបានចូលរួមគិតគូរអំពីសុវត្ថិភាពសង្គម ដោយភាពទទួលខុសត្រូវផងដែរ៕