ខេត្តបន្ទាយមានជ័យ ៖ សត្វជ្រូកប្រមាណ២៩ក្បាល របស់អ្នកភូមិឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សង្ស័យមានផ្ទុកជម្ងឺឆ្លងប៉េសជ្រូកអាហ្វ្រិច ត្រូវបានមន្រ្តីពេទ្យសត្វ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែតុលា ចុះទៅត្រួតពិនិត្យ និងបានទិញជ្រូកទាំងនោះ ដុតបំផ្លាញចោលទប់ស្កាត់កុំឲ្យរាលដាលទៅតំបន់ផ្សេងទៀត។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងថា ពាក់ព័ន្ធបញ្ហាជ្រូកខាងលើវាគ្រាន់ស្ថិតក្នុងការសង្ស័យដោយមិនទាន់ហ៊ានអះអាងថាជាជម្ងឺប៉េសជ្រូកនោះទេ។ប៉ុន្តែវាជាប្រភេទវិរុសជម្ងឺឆ្លង។បច្ចុប្បន្នមន្រ្តីជំនាញកំពុងតែយកចិត្តទុកដាក់និងតាមដានដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងបានយកសំណាសដើម្បីទៅធ្វើតេស្ថពិសោធន៍នៅនាយកដ្ឋានជំនាញ។
សូមបញ្ជាក់ថាជម្ងឺប៉េសជ្រូកអាហ្វ្រិចត្រូវបានមន្រ្តីជំនាញពេទ្យសត្វអះអាងថាមិនឆ្លងមកមនុស្សនោះទេ ជម្ងឺនេះគ្រាន់តែបង្កការខាតបង់ថវិកាដល់កសិករអ្នកចិញ្ចឹមជ្រូកបើសិនមេរោគជម្ងឺនោះបានរាលដាលឆ្លងទៅដល់កសិដ្ឋានចិញ្ចឹមជ្រូកបណ្តាលជ្រូកងាប់យ៉ាងឆាប់រហ័ស។ជម្ងឺនេះបានស្ងប់ស្ងាត់ទៅវិញហើយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ ក្រោយពីរងការផ្ទុះរាលនៅតាមបណ្តា ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាហើយនោះ ៕