ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់បណ្តុំអាជីវកម្មបកសាច់ក្តាម ជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយមានការចូលរួមពីអភិបាលស្រុក ព្រៃនប់ និង ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តផង។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ បណ្តុំអាជីវកម្មបកសាច់ក្តាមនៅភូមិព្រែកប្រស់ ឃុំទឹកថ្លាថា ថ្ងៃនេះយើងមកជួបជុំគ្នាតាមគន្លងថ្មីនៃសម័យកូវីដ-១៩ ពិសេសឈ្វេងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ព្រមជាមួយនេះ ឯកឧត្ដមក៏បានកោតសរសើរ មន្ទីរកសិកម្ម ក៍ដូចជាមន្ត្រីកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដែលបានជំរុញសកម្មភាពប្រជាពលរដ្ឋបណ្តុំកសិករបកសាច់ក្តាម បានជាង ៤០០ គ្រួសារ ទោះបីពិភពលោក ក៍ដូចជាព្រះរាជាណាចក្រកម្ពុជា រងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩ក្ដី ។
ឯកឧត្តម គួច ចំរេីន មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ ឱ្យបង្កើនការដាំដុះបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារ និងលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរ ជួយកាត់បន្ថយ ការនាំចូលមកពីប្រទេសជិតខាង។ ឯកឧត្តមបន្តថាៈ ទោះបីមានផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ក៍ដោយ ក៏រោងចក្រ សហគ្រាសក្នុងខេត្តព្រះសីហនុមិនបានបិទទ្វារនោះទេ គឺមានតែសុំបន្ថែមម៉ោងធ្វើការ ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរេីន បានជំរុញឱ្យអាជ្ញាធរស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាពលរដ្ឋក្នុងការដាំដុះបន្លែបង្ការ និង ចិញ្ចឹមសត្វ បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារនិងបង្កើនជីវភាពគ្រួសារ។
សូមបញ្ជាក់ថា សម្ភារដែលបានចែកជូនដល់សមាជិកបណ្តុំអាជីវកម្មបកសាច់ក្តាមចំនួន ៤៥គ្រួសារ មកពីឃុំទឹកថ្លា ស្រុកព្រៃនប់នោះ គឺក្នុងមួយគ្រួសារទទួលបាន ធុងក្លាសេ០១ កញ្ច្រែងដាក់ក្តាម០១ ស្រោមដៃមួយប្រអប់។ ក្នុងនោះឯកឧត្តម គួច ចំរើន ក៍បានផ្តល់ជូនបន្ថែម ក្រមា០១ និងថវិកា ៥០,០០០រៀលផងដែរ៕
0
ឯកឧត្តម គួច ចំរើន ចែកអំណោយដល់បណ្តុំអាជីវកម្មបកសាច់ក្តាម ចំនួន ៤៥គ្រួសារនៅភូមិព្រែកសង្កែ ខេត្តព្រះសីហនុ
Filed in: ព័ត៌មានជាតិ