រាជរដ្ឋាភិបាល ជំរុញឱ្យក្រុមហ៊ុនទទួលការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពតពន្លឿនការអភិវឌ្ឍឱ្យបានរួចរាល់យ៉ាងយូរនៅត្រឹមរយៈពេល៦ខែទៀត ខណៈ បច្ចុប្បន្នទើបសម្រេចបាន៤៥ភាគរយ យឺតយ៉ាវជាងផែនការគ្រោងទុក។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាម្ចាស់ជំនួយមិនសប្បាយចិត្តចំពោះការយឺតយ៉ាវនៃការសាងសង់កំពង់ផែទេសចរណ៍នេះទេ។ ដូច្នេះ ក្រុមហ៊ុនសាងសង់ ត្រូវតែបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់ឱ្យបាន ក្នុងខែមិថុនា ឆ្នាំ ២០២១នេះ ក្រោយពន្យារពេលជាច្រើនសាមក។
ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត កាលពីថ្ងៃទី៤ ខែមករា ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនបន្ថែមមនុស្សធ្វើការទៀត និងដាក់ផែនការរាប់ថយក្រោយ ដើម្បីចប់តាមផែនការសាងសង់នៅត្រឹមខែមិថុនា។
កំពង់ផែទេសចរណ៍កំពត ស្ថិតនៅចំណុចភូមិជុំគ្រាល ឃុំជុំគ្រាល ស្រុកទឹកឈូ ខេត្តកំពត បានបើកការដ្ឋានសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតា ក្នុងជម្រៅទឹក៤,៥ម៉ែត្រ រួមមានអគារអ្នកដំណើរមានកម្ពស់២ជាន់ ផែចតកាណូត កំពង់សាឡង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ ផ្លូវចំណតរថយន្តនិងទោចក្រយានយន្ត អគារស្នាក់នៅ អគារសន្តិសុខ សួនច្បារ និងសំណង់ផ្សេងៗមួយចំនួនទៀត ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណជាង៨លាន៤៨ម៉ឺនដុល្លារអាមេរិក។
បើតាមតំណាងក្រុមហ៊ុនសាងសង់ បានឱ្យដឹងថា មកទល់បច្ចុប្បន្នការសាងសង់សម្រេចបាន៤៥ភាគរយហើយ ដោយនៅខែមេសាខាងមុខនេះ គ្រោងនឹងបញ្ចប់គ្រោងអគារទាំងមូល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកផែទេសចរណ៍ថ្មីនេះ នឹងជួយរួមចំណែកទាក់ទាញភ្ញៀវទេសចរ ពីបណ្តាប្រទេសក្នុងតំបន់ ពិសេសប្រទេសវៀតណាម និងប្រទេសថៃ តាមរយៈការភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក តាមកប៉ាល់ លឿន ឬកប៉ាល់ទេសចរណ៍ខ្នាតធំ៕
0
រដ្ឋាភិបាល ជំរុញឱ្យក្រុមហ៊ុនទទួលការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពតពន្លឿនការអភិវឌ្ឍរយៈពេល៦ខែទៀត ខណៈសម្រេចបាន៤៥ភាគរយ
Filed in: ព័ត៌មានជាតិ