ខេត្តកំពត ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា និង អ្នកស្ម័គ្រចិត្ត មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ចំនួន១៧៣នាក់ មកពីស្រុកទឹកឈូ និង ក្រុងកំពត ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ នាឱកាសនេះ លោកជំទាវបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។
អំណោយផ្តល់ជូនក្នុងម្នាក់ៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោខាប់២កំប៉ុង ទឹកដោះគោឆៅ១ឡូ ស្ករស១គីឡូក្រាម អាវយឺត១កញ្ចប់ និងថវិកា២ម៉ឺនរៀល ។ តមកគណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានបន្តចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមកពីបណ្តាក្រុង-ស្រុកទាំង៨ នៃខេត្តកំពត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត និងបានឧបត្ថម្ភស្ករសរ ទឹកដោះគោ និងថវិកាមួយចំនួនផងដែរ ៕