ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការ អញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូប។
គួបញ្ជាក់ថាថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ពេលវេលានៃការបើកបវេសនកាលនៅឆ្នាំនេះ ត្រូវបានពន្យារពេលមកដល់ខែមករា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ.១៩។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអានសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារអបអរសាទរ និងបើកបវេសនកាលថ្មី ២០២០-២០២១ ។
ក្នុងសារបើកបវេសនកាលនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីចំណាប់អារម្មណ៍ចំពោះការសិក្សានៅកម្ពុជាក្នុងយុគសម័យកូវីដ១៩ ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជារយៈពេលមួយឆ្នាំកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អាណាព្យាបាលសិស្ស សប្បុរសជន គណៈគ្រប់គ្រងសាលា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីធានាដល់ដំណើរការ នៃការអប់រំក្នុងបរិបទកូវីដ១៩។