ខេត្តកំពត ៖ ព្រឹក ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ។
អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះរួមមាន៖ ប្រតិភូសវនកម្មជាតិ លោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញ សរុបចំនួន ១៣៩នាក់។
ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីឲ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង បានយល់ដឹងអំពីអ្វីទៅជាច្បាប់សវនកម្មសាធារណៈ ក្នុងគោលបំណង ៖
-ធ្វើការត្រួតពិនិត្យលើកិច្ចការប្រតិបត្តិការ និងកម្មវិធីរបស់ស្ថាប័នសាធារណៈ
-ធ្វើឲ្យមានតម្លាភាពលើការប្រមូលចំណូល និងអនុវត្តនៃថវិកាជាតិ
-តាមដាន និងត្រួតពិនិត្យឡើងវិញនូវភាពត្រឹមត្រូវ និងសមស្របនៃរបាយការណ៍ហិរញ្ញវត្ថុ
-ពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់បណ្តាស្ថាប័នសាធារណៈ ។