ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ក្នុងកិច្ចប្រជុំលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ឯកឧត្តមបានថ្លែងថា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត អង្គការមូលនិធិបង្ការរបួសអាស៊ី ចង់អោយឡានដឹកកម្មករទាំងអស់ក្នុងខេត្តកណ្តាល និងទូទាំងប្រទេសកម្ពុជាមានការផ្លាស់ប្តូរទៅជាប្រភេទឡានដែលមានលក្ខណៈស្តង់ដាសម្រាប់ដឹកកម្មករវិញ ដើម្បីការពារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាយថាហេតុលើកម្មករ។
ឯកឧត្តម បានថ្លែងបន្តថា ឡានដែលដឹកកម្មករសព្វថ្ងៃនេះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយទេ សម្រាប់ដឹកកម្មករប្រកបដោយសុវត្ថិភាព។ នៅពេលដែលយើងរកឃើញបញ្ហានេះហើយ យើងនិងយកមកពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញបញ្ហានេះអោយមានដំណោះស្រាយបានឆាប់រហ័ស។