ខេត្តកណ្ដាល៖ លោក ជា ម៉េង ប្រធានការិយាល័យវិស័យសង្គមកិច្ច នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា ថវិកាឆ្នាំ២០២១ ត្រូវបានគិតគូរ និងរៀបចំឡើងក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ និងក្នុងគោលដៅស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងផលិតកម្មកសិកម្មដែលបានខូចខាត ដោយជំនន់ទឹកភ្លៀងនាចុងឆ្នាំ ២០២០ ដើម្បីតម្រង់ការប្រើប្រាស់ធនធាន សម្រាប់ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងសម្រាប់ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាជនឲ្យកាន់តែប្រសើឡើង។
លោក ជា ម៉េង បានបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៤ សហវ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការចូលរួមពីក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធនានា។
លោកបានបន្តថា ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះ ក៏ត្រូវបានរៀបចំឡើង ដើម្បីការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចបាននូវគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេសគឺការជំរុញការអនុវត្តលើការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្ដាលអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៦ ផងដែរ។
លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានបញ្ជាក់បន្ថែមថា ថវិកាឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងផ្អែកលើអភិក្រមគ្រឹះជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៥គឺៈ ១/ទប់ទល់់ការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ២/ខិតខំសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៣.៥ ភាគរយ ៣/ធានាឲ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការគ្រប់គ្រងបាននូវអតិផរណា និងការធានាស្ថិរភាពនៃអត្រាប្ដូរប្រាក់ ព្រមទាំងស្ថិរភាពហិរញ្ញវត្ថុជាទូទៅ ៤/បន្តអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជនបានតាមការសន្យា ក៏ដូចជាពង្រឹងគ្រឹះក្នុងការកសាងស្ថាប័ន និងសមត្ថភាពនៃវិស័យសាធារណៈ ដើម្បីពង្រឹងវិសាលភាព និងពង្រឹងគុណភាពនៃសេវាសាធារណៈនិងសេវាយុត្តិធម៌។ ៥/ជំរុញការអនុវត្តការកែទម្រង់រចនាសម្ព័ន្ធក្នុងលក្ខណៈបន្ទាន់នៅតាមការដ្ឋានចាំបាច់នានា ដើម្បីស្ដារសេដ្ឋកិច្ច និងពង្រឹងរឹងភាពប្រកួតប្រជែង។#ដកស្រង់ពីផេកផ្លូវការ រដ្ឋបាលខេត្តកណ្តាល #សម្រួលការផ្សាយដោយ លោក គង់ សុខហេង