ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែមករា ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការចំណុះសាលាខេត្ត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្នុងស្រុក-ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ដែលនៅមានសេសសល់ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។ បន្តចុះដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ដើម្បីយល់ច្បាស់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវកែប្រែឥរិយាបថពីអ្នកគ្រប់គ្រង ឱ្យទៅជាអ្នកផ្ដល់ ឬបម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំង៤ គឺឆន្ទះម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។