ខេត្តកំពត ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនឆ្នាំនេះ ក៏ដូចឆ្នាំកន្លងទៅផងដែរ នាព្រឹកថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត លោកជំទាវ លាងហៃ ជាវ តាយ និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុងកំពត បានចូលរួមក្នុងពិធីសែនព្រេនបួងសួងសុំសេចក្ដីសុខគ្រប់ប្រការ ដែលពិធីនេះបានប្រព្រឹត្តទៅនៅអាសនៈលោកតា សាលាដំបូងខេត្ត និងនៅវិហារព្រះម៉ែក្រុងកំពត។
សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្តកំពត តែងបានធ្វើពិធីសែនព្រេនបួងសួង អ្នកតាចិនជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃពិធីចូលឆ្នាំថ្មីជនជាតិចិន-វៀតណាម។ ការធ្វើឡើងនេះជាទម្លាប់របស់ប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន-វៀតណាម ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ផ្ដល់សិទ្ធសេរីភាពទូលំទូលាយនូវជំនឿសាសនាផ្សេងៗ ដល់ប្រជាពលរដ្ឋកម្ពុជាដើម្បីគោរព ប្រតិបត្តិរៀងៗខ្លួន។
ការជួបជុំថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋនាពេលនេះ ក្នុងគោលបំណងបួងសួងសុំដល់ទេវតានិងបារមីវត្ថុស័ក្ដសិទ្ធ ម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សាឃុំគ្រងក្នុងទឹកដីខេត្តកំពត សូមបានជួបតែសេចក្ដីសុខចម្រើនគ្រប់ប្រការដល់ប្រជាពលរដ្ឋយើង។