រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃអាទិត្យ ១០ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជិន ប៊ុនធឿន ក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិជ្រោយអំពិល ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកក៏បានចូលរួមឆ្លើយតបក្នុងការដោះស្រាយកិច្ចការងារក្នុងមូលដ្ឋានមួយចំនួន និង បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជួបប្រទះ ជាពិសេសនោះ លោកក៏បានជំរុញឱ្យមន្ត្រីក្នុងមូលដ្ឋានសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យបានរួចរាល់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ពិសេសគឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ ស្របតាមអភិក្រម (ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានប្រសិទ្ធភាព) សំដៅធ្វើឱ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តការដឹកនាំនាវាកម្ពុជាមួយនេះឱ្យកាន់តែខ្លាំងខ្លា ។
ដើម្បីធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង និងទទួលបាននូវការទុកចិត្តពីប្រជាពលរដ្ឋចាំបាច់ មន្ដ្រីគ្រប់រូបរបស់គណបក្សត្រូវប្រកាន់ជំហរ ស្មោះស្ម័គ្រ បំរើប្រជាពលរដ្ឋ អោយអស់ពីលទ្ធភាព។