ខេត្តកណ្តាល៖ រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ បានចុះសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត នៅ ភូមិស្វាយមីង ឃុំកំពង់កន្ទួត ស្រុកកណ្តាលស្ទឹង។
នារសៀលនេះដែរ ព្រះគ្រូ ប៊ុត សោភ័ណ្ឌ ព្រះអនុគណស្រុកកណ្តាលស្ទឹង និងជាព្រះគ្រូចៅអធិការវត្តវិហារបិទមាស បាននាំយកនូវសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនដើម្បីប្រគល់ដល់រដ្ឋបាលស្រុក សម្រាប់ប្រើប្រាស់តាមការចាំបាច់ ផងដែរ៕