ខេត្តបន្ទាយមានជ័យ ៖ កម្មករសំណង់ម្នាក់បានរអិលធ្លាក់ពីជាន់ទី៤ ពេលឡើងទៅដំឡើងខ្សែប្រយោល ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិតចំណុចនៅភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមានឈ្មោះ ដើង ដំ អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុនិងមានទីលំនៅភូមិឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថាការដ្ឋាននេះ ក្រុមការងារអគ្គនាយកដ្ឋានសំណង់ចុះត្រួតពិនិត្យសំណង់ និងការដ្ឋានសាងសង់នៅខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំដោយ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃ អគ្គនាយកដ្ឋានសំណង់ បានចុះពិនិត្យការដ្ឋានសំណង់នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ នៅលើក្បាលដីលេខ ១៥០៤ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានម្ចាស់សំណង់ឈ្មោះ សឿន គាង ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រុមការងារបានតម្រូវឲ្យម្ចាស់សំណង់រៀបចំសំណុំឯកសារ ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋាន និងណែនាំឲ្យម្ចាស់សំណង់រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពនៅការដ្ឋានឲ្យបានត្រឹមត្រូវ ដោយមានសំណាញ់សុវត្ថិភាពហ៊ុមព័ទ្ធអគារ មានបង្កាន់ដៃការពារគ្រប់ជាន់ តម្រូវកម្មករត្រូវពាក់ពួក និងខ្សែក្រវ៉ាត់ការពារ ជាដើម។ ម្ចាស់សំណង់បានយល់ព្រមតាមការណែនាំតែមិនបានអុវត្ត។
មន្ទីរ ដនសស ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានចុះបិទការដ្ឋាននៅលើក្បាលដីលេខ ១៥០៤ នេះរហូតដល់បានទទួល លិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋាន ព្រមទាំងអនុវត្តណែនាំរាល់ការណែនាំ ៕