ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យការហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ នៅកងពលតូចលេខ៧០។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសជាតិ ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នា កំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យ នៃសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលជំងឺនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងទាំងផ្នែកសុខភាព ទាំងផ្នែកជីវភាពរស់នៅ ព្រមទាំងបានបង្កើតនូវការរើសអើង ការភ័យខ្លាចក្នុងចំណោមប្រជាជននានាទូទាំងប្រទេស ក៏ដូចជាទូទាំងសកលលោក។
ពេលនេះប្រទេសជាតិ និងប្រជាជនត្រូវការកងកម្លាំង ដើម្បីចូលរួមទប់ស្កាត់ជាមួយសត្រូវដែលមើលមិនឃើញមួយនេះ ដូច្នេះត្រូវត្រៀមលក្ខណៈក្នុងការហ្វឹកហ្វឺន និងបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិដោយភាពជោគជ័យតាមបទបញ្ជា ប្រកបដោយសុវត្ថិភាព ក្នុងការបំពេញភារកិច្ចរួមគ្នាការពារតំបន់ចត្តាទ្បីស័កឲ្យបានហ្មត់ចត់ ធានាបានការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសត្រូវធំបំផុតរបស់ប្រទេសជាតិ សង្គមជាតិ និងសង្គមគ្រួសារ។
នាឱកាសនោះផងដែរ ឯកឧត្តម បានបញ្ជាក់ធ្ងន់ថា អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក មានភារកិច្ចទទួលខុសត្រូវ អនុវត្តឲ្យបានជាដាច់ខាតនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងទទួលខុសត្រូវលើកម្លាំងប្រតិបត្តិការ ដោយផ្តល់ការហ្វឹកហ្វឺនឲ្យបានពេញលេញ និងបំពាក់ឲ្យបានគ្រាប់គ្រាន់ ដើម្បីធានានូវភាពជោគជ័យ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីសេ្នហាជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕