ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយទឹកសុទ្ធចំនួន ២,០០០កេស និងថវិកា៥០០០$ ពីលោក កែវ សូថា តំណាងអោយលោកឧកញ៉ា អ៊ឹង ប៊ុនហូវ អគ្គនាយកក្រុមហ៊ុនអាយអិនជី holdings co.ltd ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ២០២១ ក្រោមប្រធានបទ(ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ)។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណចំពោះ លោកឧកញ្ញ៉ា ដែលបានបរិច្ចាគនូវសម្ភារ និងថវិកា ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាសូមសន្យាថា នឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឲ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមគោលការណ៍ទាំងគ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម ៕