រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំការមន បានចុះពិនិត្យជាក់ស្ដែងទីតាំងអាជីវកម្មសេវាអ៊ីនធើណេតកាហ្វេ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីធ្វើកំណត់ហេតុបិទ ក្រោយពីក្រុមគ្រូពេទ្យ បានរកឃើញអ្នកផ្ទុកកូវីដ-១៩ បានចូលទៅកន្លែងអាជីវកម្មសេវាអ៊ីនធើណេតកាហ្វេ។ ជាក់ស្ដែង អាជ្ញាធរខណ្ឌចំការមន បានចុះធ្វើកំណត់ហេតុឱ្យបិទបានចំនួន១៦ទីតាំង ។
អនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ គិតត្រឹមវេលាម៉ោង២២:០០នាទី ក្រុមការងាររដ្ឋបាលខណ្ឌចំការមន និងសង្កាត់ បានចុះធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្មសេវាអ៊ីនធើណេតកាហ្វេ បានចំនួន១៦ទីតាំង ក្នុងនោះរួមមាន៖
១-សង្កាត់ទន្លេបាសាក់៖ ២ទីតាំង
២-សង្កាត់ទួលទំពូងទី១៖ ៣ទីតាំង
៣-សង្កាត់ទួលទំពូងទី២៖ ១ទីតាំង
៤-សង្កាត់បឹងត្របែក៖ ៥ទីតាំង
៥-សង្កាត់ផ្សារដើមថ្កូវ៖ ៥ទីតាំង។
នៅក្នុងខណ្ឌចំការមនមាន៣០ទីតាំង ប៉ុន្តែក្រុមការងារអាជ្ញាធរខណ្ឌចុះពិនិត្យជាក់ស្តែង ដែលត្រូវធ្វើកំណត់ហេតុបិទនោះ មានចំនួន១៦ទីតាំង ក្រៅពីនោះម្ចាស់អាជីវកម្មគាត់បានបិទដោយខ្លួនឯង។ សូមរំលឹកថា កាលពីម្សិលមិញនេះអាជ្ញាធរខណ្ឌដូនពេញ ក៏បានចុះធ្វើកំណត់ហេតុឱ្យបិទទីតាំងកាហ្វេអ៊ីនធើណេត ក្នុងខណ្ឌដូនពេញ បានចំនួន៣៦ទីតាំងដែរ ៕