ខេត្តសៀមរាប ៖កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាប ឃាត់រថយន្តកូរ៉េដឹកឈើពេញមួយឡាន ប្រគល់ឱ្យរដ្ឋបាលព្រៃឈើខេត្តសៀមរាប ។ ប្រតិបត្តិការចាប់រថយន្តដឹកឈើមួយគ្រឿងនេះ បានធ្វើឡើងវេលាម៉ោង ១០ ព្រឹកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។
ក្រុមសមត្ថកិច្ចនៅហ្នឹងកន្លែងហេតុការបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញរថយន្តកូរ៉េមួយគ្រឿងដឹកឈើពេញសង្ស័យល្មើសច្បាប់ចូលដេប៉ូ ទើបកម្លាំងជំនាញ បានចុះបង្ក្រាប នឹងធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាកNISSAN ពណ៌ស លាយខៀវ គ្មានស្លាកលេខ ប្រភេទរថយន្តកែច្នៃ ចំណុះ១.៥តោន នៅក្នុងដេប៉ូ ០១កន្លែងម្ចាស់ឈ្មោះ សៀម ស៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសាស្ត្រ ភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។
សមត្ថកិច្ចបន្តថា ក្នុងកិច្ចប្រតិបត្តិការណ៍នោះ សមត្ថកិច្ចចម្រុះ បាននាំយកវត្ថុតាងឈើ និង មធ្យោបាយដឹកជញ្ជូន មកធ្វើការរាប់ចំនួន និង វាស់វែង នៅស្នាក់ការរដ្ឋបាលព្រៃឈើបន្ទាយស្រី នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ ជាលទ្ធផលគឺឈើអារប្រភេទលេខ១ ផ្ចិក ចំនួន ២១៤ដុំ =៥.០១០ម៉ែត្រគូប ចំពោះវត្ថុតាងនៃបទល្មើស សមត្ថកិច្ចជំនាញនឹងចាត់ការទៅតាមនីតិវិធីនៃ ច្បាប់ស្តីពី ព្រៃឈើ ៕