ខេត្តតាកែវ ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការណែនាំទៅដល់អភិបាលក្រុងស្រុកទាំង១០ ត្រូវចុះត្រួតពិនិត្យទីតាំងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រងអោយបានម៉ត់ចត់ និងណែនាំទៅដល់ម្ចាស់ទីតាំង ទេសចរណ៍ទាំងអស់ផងដែរ ត្រូវតែចូលរួមអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមប្រជុំជាមួយនឹងលោក លោកស្រី ជាអភិបាលរងខេត្ត និងអភិបាលក្រុងស្រុក នៅព្រឹកថ្ងៃ ពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ការចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះគឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺីកូវីដ១៩ ទៅដល់សហគមន៍កាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត ដូច្នោះសូមលោកអភិបាលក្រុងស្រុក និងកម្លាំងសមត្ថកិច្ចទាំងអស់ ពិសេសបណ្តាស្រុកដែលជាប់ខេត្តកំពត កំពង់ស្ពឺ និងខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ពង្រឹងតាមគោលដៅដែលមានស្រាប់ធ្វើយ៉ាងណាគឺរាំងខ្ទប់ការធ្វើដំណើរឆ្លងខេត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងរយៈពេល១៤ថ្ងៃនេះ អោយបានតឹងរឹងបំផុត។
លោកអភិបាលខេត្ត បន្ថែមទៀតថា ទន្ទឹមនឹងការចុះត្រួតពិិនិត្យ និងពង្រឹងក៏ដូចជាការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ខេត្តនេះ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលរៀបចំកម្មវិធីជួបជុំបងប្អូន ដែលមានលក្ខណៈអ៊ូរអរ និងមានមនុស្សច្រើន ត្រូវតែណែនាំពួកគាត់អោយអនុវត្តនូវវិធានការណ៍៣កុំ និង៣ការពារអោយបានខ្លាំងខ្លាបំផុត ពោលគឺជៀសវាងដាច់ខាតនូវការជួបជុំដែលមានមនុស្សច្រើន និងអ៊ូរអរ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។
ជាមួយគ្នានេះដែរ លោក អ៊ូច ភា ក៏បានណែនាំបន្ថែមទៀតទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយអំពីវិធានការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍៣កុំនិង៣ការពារ នៅតាមទីវត្តអារាមទាំងអស់ និងហាមមិនឱ្យរៀបចំកម្មវិធីកម្សាន្តសប្បាយនានាទាំងអស់ ។ ម្យ៉ាងទៀតអាជ្ញាធរមានសមត្ថកិច្ចក៏ត្រូវតែយកចិត្តទុកដាក់ផងដែរចំពោះសន្តិសុខសណ្តាប់ធ្នាប់ ដោយធានាភូមិឃុំមានសុត្ថិភាពជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្នុងមូលដ្ឋានខេត្តតាកែវនេះ ៕