ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមបើកយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជននៅទូទាំងខេត្ត នាព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១។
ឯកឧត្ដម វ៉ា ថន បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជននៅទូទាំងខេត្តក្រចេះនៅពេលនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងគិតគូរអំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានបូជាសាច់ស្រស់ឈាមស្រស់ប្រយុទ្ធការពារជាតិមាតុភូមិរហូតយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។ ឯកឧត្ដមអភិបាលខេត្តបន្ដថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺដើម្បីការពារសុខភាពខ្លួនឯងផង ការពារក្រុមគ្រួសារ សហគមន៍និងសង្គមជាតិយើងផងដែរ ។
ឯកឧត្តម វ៉ា ថន បានលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលនិងគោលការណ៍ ៣កុំ ៣កាពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឱ្យបានជាប់ជានិច្ច៕