រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩កម្រិតស្រាលនៅកោះពេជ្រ ជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រ ដល់ប្រមាណជិត ២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់។
ទន្ទឹមនោះ ឯកឧត្តម និងក្រុមការងារសង្ឃឹមថា ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលបានរៀបចំទាំងនេះនឹងមិនមានតម្រូវការប្រើប្រាស់នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ ឯកឧត្តម និងក្រុមការងារនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទាំងនេះឲ្យបានឆាប់រហ័សនិងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។
ជាមួយគ្នានេះផងដែរ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕