ខេត្តកណ្តាល (ខ្សាច់កណ្តាល)៖ អាជ្ញាធរខេត្តកណ្តាល បានសម្រេចយកទីតាំងតំបន់អភិវឌ្ឍន៍ 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីរៀបចំជាមណ្ឌលធ្វើចត្តាឡីស័កថ្មីមួយកន្លែងទៀត សម្រាប់ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ។
ប្រការដែលអាជ្ញាធរ ស្រុកសម្រេចយកទីតាំងតំបន់អភិវឌ្ឍន៍ 7NG ជាមណ្ឌលចត្តាឡីស័កថ្មី នាពេលនេះ គ្រាដែលឯកឧត្ដម នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលរងខេត្តកណ្តាល អមដំណើរដោយលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ចុះសិក្សាពិនិត្យ ទីតាំងជាក់ស្តែងនៅតំបន់អភិវឌ្ឍន៍ 7NG នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា៖ នៅទីតាំងតំបន់អភិវឌ្ឍន៍ 7NGនេះ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទំហំទទឹង ២០ម៉ែត្រ បណ្តោយ ៦០ម៉ែត្រ មានផ្លូវចេញចូល ១៦ម៉ែត្រ មានលក្ខណៈធំទូលាយ បរិយាកាសល្អ ងាយស្រួលរៀបចំមណ្ឌលចត្តាឡីស័ក។