ខេត្តកែប ៖ រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក និង បងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ ។
បន្ទាប់ពីលោក វ៉ៅ សុខា ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្តកែប ធ្វេីរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីអោយប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាមានសេចក្តីសុខសាន្ត រួមជាមួយការពង្រីកការអនុវត្តច្បាប់ និង ការគោរពសិទ្ធិមនុស្ស ជាសេសនោះគឺបញ្ហាវិវាទដីធ្លីបានដោះស្រាយជាបណ្តេីរៗដោយមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិនីមួយៗ ក្នុងខេត្តកែប ។
ឯកឧត្តមបានបន្តថា ដោយឡែកថ្ងៃនេះមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប បានរៀបចំប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដេីម្បីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វេីការវិនិច្ឆ័យជូនជាដំណឹងដល់ប្រជាពលរដ្ឋ ជាពិសេសគឺបញ្ហាច្បាប់ និងការឆ្លេីយតបនៅរាល់សំនួរដែលទាក់ទងទៅនឹងការវិនិច្ឆ័យដីធ្លី ។
ឯកឧត្តមក៏បានពាំនាំនូវពាក្យផ្តាំផ្ញេីរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋសូមកុំជឿពាក្យញុះញង់របស់ជនខិលខូច ដែលមានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងកុំចូលរួមអំពេីធ្វេីរដ្ឋប្រហារអោយសោះ ព្រោះនេះជាអំពើក្បត់ជាតិ និងជាអំពេីខុសច្បាប់ទៀតផង និង សូមអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ក្នុងថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ២០១៩ ចូលរួមពិសារអំបុកទាំងអស់គ្នាដេីម្បីថែរក្សាសន្តិភាព និងបង្ហាញនូវជំហដ៏រឹងមាំការពារជាតិ សាសនា ព្រះមហាក្សត្ររបស់យេីង ៕