រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្តពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ–១៩នេះ។
ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែកដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេចស្ថិតនៅភូមិអន្លងជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំសម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានមានប្រសាសន៍លើកឡើងថា រថយន្តសង្គ្រោះបន្ទាន់មានសារៈសំខាន់ណាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដែលមានជំងឺនិងរងគ្រោះថ្នាក់ផ្សេងៗជាពិសេសការដឹងជញ្ជូនពលរដ្ឋដែលបានរកឃើញថាមានវិជ្ជមានកូវីដ–១៩ឲ្យបានទាន់ពេលវេលាទៅព្យាបាលនៅមន្ទីរពេទ្យ។
សម្តេចបានថ្លែងអំណរគុណនិងកោតសរសើរជាទីបំផុតដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ពិសេសក្រុមគ្រូពេទ្យកងកម្លាំងនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីជំងឺកូវីដ–១៩និងវិធានការការពារនានាពិសេសការយកចិត្តទុកដាក់ដល់ការព្យាបាលអ្នកជំងឺការថែទំាសុខភាពប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្កដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភាបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ–១៩ដោយមិនត្រូវធ្វេសប្រហែសឡើយពីព្រោះជំងឺកូវីដ–១៩នៅតែគំរាមកំហែងសង្គមជាតិខ្លាំងក្លានៅឡើយ។សម្តេចបានគូសបញ្ជាក់ថាការអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល “៣ការពារនិង៣កុំ” ឱ្យបានខ្ជាប់ខ្ជួនជាមួយនិងការទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនគឺជាមធ្យោបាយដ៍មានប្រសិទ្ធភាពខ្ពស់បំផុតដែលអាចឲ្យយើងគ្រប់គ្នាគេចផុតពីជំងឺដ៍កាចសាហាវនាពេលនេះ។
ប្រជាពលរដ្ឋអាជ្ញាធរខេត្តត្បូងឃ្មុំជាពិសេសមន្រ្តីសុខាភិបាលស្រុកពញាក្រែងបានថ្លែងអំណរគុណជ្រាលជ្រៅចំពោះអំណោយដ៍ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភានាពេលនេះថាពិតជាមានសារៈសំខាន់នៅក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋនៅគ្រាមានអាសន្ននិងបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការក្នុងកាលៈទេសៈដែលជំងឺកូវីដ–១៩កំពុងរាតត្បាតនេះ។
អាជ្ញាធរបានលើកឡើងថាកន្លងមកសម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនតែងតែស្ថិតនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំនិងតែងតែជួយដោះស្រាយរាល់តម្រូវការជាក់ស្តែងជាប្រជាពលរដ្ឋមិនថានៅក្នុងវិស័យសុខាភិបាលអប់រំកសិកម្មធារាសាស្រ្តនិងផ្លូវអនាគមន៍នោះទេ៕