សេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃនេះសមាគមវារីវប្បករនៅកម្ពុជាបានសម្តែងប្រតិកម្មចំពោះសម្តីរបស់លោកខាន់សុវណ្ណដែលជាអ្នកលេងបណ្តាញសង្គមក្រោយគាត់បាននិយាយថា«ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី» និង«ខ្លាចស្រុកខ្មែរអស់ត្រីស៊ីបើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេទាំងនោះ»។
សមាគមបានបញ្ជាក់ថាការស្រែកនិយាយដោយកំហឹងអុសរសនិងបញ្ចេញចរិតច្រឡោងខាមរបស់លោកខាន់សុវណ្ណនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ជនរួមជាតិខ្មែរប្រមុខរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធដែលបាននិងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្មហើយថាតាមពិតជាក់ស្តែងប្រជាពលរដ្ឋខ្មែរចេះចិញ្ចឹមត្រីយូរយារណាស់មកហើយ។
ក្នុងនោះសមាគមក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះភាសានិងសម្តីបែបប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរជាសម្តីរើសអើងជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់អត់មានការទទួលខុសត្រូវមិនមានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយនិងមានចរិតគួរឲ្យខ្ពើមរអើមបំផុត។
ជាមួយគ្នានេះសមាគមវារីវប្បករនៅកម្ពុជាក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចមេត្តាចាត់វិធានការណ៍ជាមួយសម្តីបែបអគតិនិងចរិតដ៏គួរឲ្យស្អប់ខ្ពើមនេះហើយទាមទារឲ្យលោកខាន់សុវណ្ណចេញមុខមកបំភ្លឺនិងសុំទោសជាសាធារណៈដោយមិនលើកលែងឡើយ៕