នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីពង្រឹងសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្តនាយក–នាយករងសាលាខេត្តនាយក–នាយករងទីចាត់ការសាលាខេត្តប្រធានមន្ទីរជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទអភិបាលក្រុង–ស្រុកនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបដែលធ្វើឡើងនៅសាលប្រជុំ«ក» សាលាខេត្ត។
ថ្លែងនាឱកាសកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានដាក់ចេញវិធានការមួយចំនួនទៅដល់អភិបាលក្រុង/ស្រុកនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពទៅតាមផែនការការពារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា–ចិនស្ទឹងត្រង់–ក្រូចឆ្មារក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ខែវិច្ឆិកានិងផែនការត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់ជាច្រើនទៀតនាពេលខាងមុខ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានកោតសរសើរអ្នកពាក់ព័ន្ធទាំងអស់ដែលខិតខំបំពេញភារកិច្ចការងារទាំងយប់ទាំងថ្ងៃក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងខេត្តត្បូងឃ្មុំ។ម្យ៉ាងទៀតជាមួយនឹងការបំពេញការងារបានយ៉ាងល្អនាពេលកន្លងមកហើយនោះឯកឧត្តមបណ្ឌិតបានធ្វើការក្រើនរំលឹកនិងដាក់ចេញវិធានការមួយចំនួនបន្ថែមទៀតដើម្បីពង្រឹងការងារកាន់តែមានប្រសិទ្ធភាពនិងទទួលបានប្រសិទ្ធផលខ្ពស់ផងដែរ។
បន្ថែមពីនោះឯកឧត្តមបណ្ឌិតបានណែនាំត្រូវបន្តផ្សព្វផ្សាយនូវរាល់វិធានការបង្ការទប់ស្កាត់ការឆ្លងបន្តនៃជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋបន្តធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ពិសេសភូមិឃុំ–សុវត្ថិភាពនិងចាំទទួលរាល់សំណើរពលរដ្ឋយកទៅដោះស្រាយបង្ក្រាបរាល់បទល្មើសទាំងអស់ក្នុងភូមិសាស្ត្រខេត្តដើម្បីធានាសុខសុវត្ថិភាពក្នុងមូលដ្ឋានពិសេសបទល្មើសនេសាទខុសច្បាប់៕